ខេត្តបាត់ដំបង៖សម្ដេច ស ខេង បានមានប្រសាសន៍ថា នៅលើពិភពលោក មិនអាច គណបក្សណាយកបានការគាំទ្រ ពីប្រជាពលរដ្ឋ មួយរយភាគរយនោះទេ ពោលគឺតែងតែមានសំឡេងភាគច្រើន និងភាគតិច។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថា ការចុះជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ គឺជាចំណុចខ្លាំងមួយក្នុងការទទួលបានការគាំទ្រពីពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង មានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃសៅរ៍ ម្សិលមិញ ក្នុងឱកាសសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់ ខេត្តបាត់ដំបង។
សម្ដេចស ខេង បញ្ជាក់ថា ការបោះឆ្នោតនេះ គឺជាការកសាងលទ្ធិប្រជាធិបតេយ្យ ភាពសុខដុមរមនា នៅមូលដ្ឋាន ធ្វើឱ្យមូលដ្ឋានមានស្ថិរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចំរើន តាមរយៈការផ្ទេរសិទ្ធិអំណាច ដើម្បីឱ្យ ក្រុមប្រឹក្សាឃុំ សង្កាត់មានការទទួលខុសត្រូវ មានទឹកចិត្ត មានមធ្យោបាយ និងធនធានដឹកនាំការអភិវឌ្ឍមូលដ្ឋានជាមួយ ប្រជាពលរដ្ឋ ពោលគឺពលរដ្ឋ នៅមូលដ្ឋានជាម្ចាស់ក្នុងការកំណត់ ជោគវាសនារបស់ខ្លួន តាមរយៈការជ្រើសរើសមេដឹកនាំ និងការរួមគ្នាសម្រេចចិត្តលើគម្រោងអភិវឌ្ឍជាក់ស្ដែង។
សម្ដេច បានមានប្រសាសន៍ទៀតថាតាមរយៈយន្តការ បោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវទទួលខុសត្រូវចំពោះមុខប្រជាជននៅមូលដ្ឋានមុនគេ ដ្បិតពលរដ្ឋជាម្ចាស់នៃអំណាច ហើយការគ្រប់គ្រងដឹកនាំឃុំ សង្កាត់ ល្អឬមិនល្អ ពលរដ្ឋនៅមូលដ្ឋានគឺជាអ្នកតាមដាន និងវាយតម្លៃដោយផ្ទាល់។ ជាមួយគ្នានេះ ក្រុមប្រឹក្សឃុំ សង្កាត់ ក៏មានការទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ក្នុងការធានាឱ្យពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួនគោរពច្បាប់ទម្លាប់ ឱ្យបានត្រឹមត្រូវ ដ្បិតថ្នាក់ជាតិជាអ្នកផ្ទេរនូវថវិកា សិទ្ធអំណាច និងការទទួលខុសត្រូវ ឱ្យរដ្ឋបាលឃុំ សង្កាត់ អនុវត្ត។
សម្ដេចស ខេង បានណែនាំឱ្យប្រមូលសមិទ្ធផល និងស្នាដៃសំខាន់ៗ ដែលសម្រេចបានយកទៅជម្រាបជូន ប្រជាពលរដ្ឋ ដោយបង្ហាញជូនពួកគាត់ឱ្យយល់ងាយៗ រួមទាំងផែនការថ្មីៗ បន្ថែមទៀត ដើម្បីផ្ដល់ភាពជឿជាក់ និងក្ដីសង្ឃឹមជូន ប្រជាពលរដ្ឋ ពោលគឺពលរដ្ឋនឹងបានដឹងថា តើពួកគាត់ទទួលបានផលប្រយោជន៍អ្វីខ្លះក្នុងរយៈកាល៥ឆ្នាំ កន្លងមក និងត្រូវទទួលបានអ្វីខ្លះទៀត សម្រាប់រយៈពេល៥ឆ្នាំបន្ត បន្ទាប់ពីបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិថ្មីនេះ៕SRP
