សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា សម្តេចគ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បីមួយមីលីម៉ែត្រ ហើយក៏មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រ ដែរ សូមឱ្យតែការដោះស្រាយត្រឹមត្រូវតាមផែនទីតាំងពីអាណានិគមបារាំងទៅបានហើយ។
ថ្លែងក្នុងខួបលើកទី ៤៥ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងសម្ពោធសមិទ្ធផលនានា នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា៖ អ្នកដែលបានចោទប្រកាន់មកលើសម្ដេចថា ប្រសិនបើសម្ដេចចង់ប្រគល់ដីខ្មែរឱ្យ វៀតណាម មិនចាំបាច់ចរចាជជែក ជាមួយវៀតណាម ដល់ទៅជាង៤០ឆ្នាំនេះឡើយ។
សម្តេចតេជោបានបន្តថា៖ ការចោទប្រកាន់ទាំងនោះថា ជារឿងអយុត្តិធម៌បំផុត មកលើ
សម្ដេច និងថ្នាក់ដឹកនាំផ្សេងទៀតដែលបាននិងកំពុងខិតខំចរចាយ៉ាងលំបាក ទម្រាំរកបានភាពត្រឹមត្រូវចំពោះបញ្ហាព្រំដែននេះ។
សម្តេចតេជោ បានបញ្ជាក់ថា ប្រទេសកម្ពុជា មានសុខសន្តិភាពរយៈពេល៤៣ ឆ្នាំហើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះភាគីកម្ពុជាបានធ្វើកិច្ចការដោះស្រាយបញ្ហាព្រំដែនជាមួយវៀត ណាម ដែលភាគីទាំងពីរបានចុះហត្ថលេខាទទួលយក ៨៤ភាគរយនៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ហើយត្រូវបានបោះបង្គោលរួចរាល់។
សម្ដេហ៊ុន សែន បន្តថា៖ «ខ្ញុំសូមបញ្ជាក់នៅទីនេះ ចំពោះមុខ ប្រជាពលរដ្ឋ កម្ពុជា កំពុងធ្វើការផ្សាយផ្ទាល់ ក្នុងប្រទេសនិងក្រៅប្រទេស គ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ កំពុងផ្សាយ បញ្ជាក់ជូនចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម នៅទីនេះ ខ្ញុំគ្មានសិទ្ធិ ដើម្បីប្រគល់ដី ឱ្យវៀតណាម សូម្បី១មីលីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានដីវៀតណាម សូម្បី១មីលីម៉ែត្រ សុំឱ្យតែត្រូវតាមក្បួនខ្នាត ដែលអាណានិគមបារាំងបានបន្សល់ទុក ខ្ញុំអត់ត្រូវការអីទេ។ ហើយវៀតណាម ក៏មិនត្រូវការយកដីយើង ឯយើងក៏មិនត្រូវការយកដីវៀតណាមដែរ មិនថាតែជាមួយវៀតណាម នោះទេ ជាព្រះរាជាណាចក្រថៃ ជាមួយឡាវ ខ្ញុំសូមបញ្ជាក់នៅទីនេះ ឱ្យបានច្បាស់បន្តិច ក្រោយពេលអនុវត្តន៍ដោយជោគជ័យ នូវនយោបាយឈ្នះៗ។ ខ្ញុំបានដាក់ចេញនៅទិសដៅចំនួន២ គោលដៅទី១ ប្រែក្លាយតំបន់អតីតសមរភូមិ ទាំងអស់ឱ្យក្លាយទៅជាតំបន់ អភិវឌ្ឍន៍និងទីផ្សារ ឥឡូវតំបន់នេះគ្មានមីនទៀតទេ គ្មានការវាយគ្នាទៀតទេ គោលដៅទី២ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែន សន្តិភាពមិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍»៕SRP







