ខេត្តសៀមរាប៖មនុស្សចំនួន៦នាក់ ដែលជិះក្នុងរថយន្តមិនមានគ្រោះថ្នាក់នោះទេ ករណីបាក់ដើមឈើរលំសង្កត់លើរថយន្តកាលល្ងាចថ្ងៃចន្ទម្សិលមិញ។
ប្រភពីសមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៧ និង១០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខប្រាសាទប្រែរូបខាងកើត ក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពបានបន្តថាគ្រោះធម្មជាតិនេះ គឺបាក់ដើមឈើក្រឡាញ់រលំសង្កត់លើរថយន្ត ១គ្រឿង ម៉ាកHiynai ពាក់ផ្លាកលេខសៀមរាប ២B00៦១ ពណ៌ខ្មៅ ១២កៅអី។ អ្នកបើករថយន្តមាន ឈ្មោះ សោម ចាន់ថា ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអូរទទឹងឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។ ដោយនៅក្នុងឡានជិះមានគ្នា៦នាក់ ស្រី៤នាក់នៅក្នុងនោះមានភ្ញៀវជនជាតិអាមេរិក៤នាក់ ស្រី៤នាក់ និងមានជនជាតិខ្មែរ២នាក់ ប្រុស២នាក់។
ក្នុងករណី ឧបទ្ទវហេតុគ្រោះធម្មជាតិខាងលើនេះ ពុំមានគ្រោះថ្នាក់ ដល់អ្នកបើកបរ និងអ្នករួមដំណើរនោះឡើយ តែរថយន្តខូចខាតខាងមុខទាំងស្រុង៕SRP




