ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំង ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការខេត្តសៀមរាប ឃាត់ខ្លួន ករណី ឆបោក និង បទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ឡាយ លើយ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានសារភាពថារូបខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេះមែន។
ស្នងការរងខេត្តសៀមរាបទទួលផែនព្រហ្មទណ្ឌ លោកភឹង ចិន្តារ៉េត បានឲ្យដឹងថា៖ ការឃាត់ខ្លួនធ្វើឡើងយោងតាមដីកាសម្រេចអោយបើកការស៊េីបអង្កេតបឋម លេខ៣០៤អយក/២២ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ របស់លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងដីកាបញ្ជាអោយចូលខ្លួនលេខ៤២៦ អយឃ/២២ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ របស់លោកស្រី វ៉ា សក្តា។
លោកភឹង ចិន្តារ៉េត បានបញ្ជាក់ថា នៅក្នុងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ឡាយ លើយ ភេទប្រុស និងឈ្មោះ វន លីហូវ ភេទប្រុស បានមកនិយាយអះអាងជាមួយនិងដើមបណ្តឹងឈ្មោះ សំ សោម ថា៖ ពួកគេអាចរៀបចំដីមកជនរងគ្រោះ ចំនួន ៩ហិកតា សម្រាប់សាងសង់ និងធ្វើផ្ទះលំហែកាយ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប ដោយក្នុងមួយហិកតាតម្លៃ ១៥០០០ដុល្លារ។ ដោយមានការជឿជាក់ និងទុកចិត្តឈ្មោះ សំ សោម បានប្រគល់និងផ្ទេរប្រាក់ជាបន្តបន្ទាប់ទៅអោយឈ្មោះ វន លីហូវ និងឈ្មោះ ឡាយ លើយ ចំនួន ១៧៦០០ដុល្លារ ដេីម្បីរៀបចំដីសាងសង់របង និងធ្វើបន្ទប់ទឹក។ បន្ទាប់ពីអ្នកទាំងពីរបានទទួលប្រាក់រួចហើយរូបគេបានគេចខ្លួនបាត់រហូតតែម្ដង។
បើតាមលោកភឹង ចិន្តារ៉េត ក្នុងពេលសមត្ថកិច្ច ចុះអនុវត្តដីកា ក៏បានរកឃេីញ និងដកហូតអាវុធខ្លីម៉ាក GW១២៤៥ផលិតឆ្នាំ១៩៦៦ ប្រទេសសហរដ្ឋ អាមេរិច និងគ្រាប់ចំនួន ០២គ្រាប់ ដោយជនសង្ស័យ បានឆ្លើយថារើសបាន នៅរោងចាំចំការនៅភូមិប្រាសាទក្រហម ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕SRP
