ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តបានស្នើដល់ភាគីរុស្ស៉ីជំរុញការវិនិយោគលើផ្នែកទេសចរណ៍ កសិកម្ម ពាណិជ្ជកម្មមកព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាបផងដែរ។
លោក ទៀ សីហា ស្នើបែបនេះនៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាងរដ្ឋបាលខេត្តជាមួយនឹងឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធម្សិលមិញ។
លោកក្នុងជំនួប លោក ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកអគ្គរដ្ឋទូតរុស្ស៊ី និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកជួបពិភាក្សាការងារនេះ។
លោក ទៀ សីហា បានបន្តថាកាលពីឆ្នាំ២០១០ ខេត្តសៀមរាបបានចុះអនុស្សរណៈ នៃការយោគយល់គ្នារ វាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុងវែលីគីលូវហ្គូរ៉ាដ នៃសហព័ន្ធរុស្សីដោយបានឯកភាពគ្នាបង្កើត ឡើងនូវចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជាមូលដ្ឋានទំនុកចិត្តរវាងគ្នា និង គ្នាសំដៅពង្រឹង ទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នា ដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យ ផ្សេងៗ ឱ្យកាន់តែមានភាពរីកចំរើនថែមទៀតក្នុងខេត្ត-ក្រុងយើងទាំងពីរផងដែរ។
លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាក៏ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះលោក អភិបាលខេត្តសៀមរាប លោកទៀ សីហា និងក្រុមការងារខេត្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួបសម្តែងការគួរសមនិងពិភាក្សាការងារនាពេលនេះ។
លោកបានបន្តផ្អែកតាមសំណើខាងលើ លោកនឹងជំរុញដល់ផ្នែកពាក់ព័ន្ធឱ្យចូលមកវិនិយោគនៅកម្ពុជាដែលស្របទៅតាមអនុស្សរណៈយោគយល់គ្នាផងដែរ៕SRP





