ខេត្តកំពង់ចាម៖ក្នុងឱកាសបេីកសន្និបាតបូកសរុប ការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នេីដល់មន្ទីរអប់រំខេត្ត ឲ្យជម្រុញធ្វើយ៉ាងណាឲ្យយុវជនយេីង ក្នុងម្នាក់ៗ យ៉ាងតិច ត្រូវមានជំនាញឯកទេសមួយច្បាស់លាស់ ដេីម្បីងាយស្រួលក្នុងការរកការងារប្រកបមុខរបរចិញ្ចឹមជីវិត។
ឆ្លៀតក្នុងឱកាសនោះអភិបាល ខេត្តកំពង់ចាម បានសំណូមពរដល់មន្ទីរអប់រំខេត្ត ធ្វើយ៉ាងណាត្រូវលេីកកម្ពស់ថែមទៀតនូវគុណភាពអប់រំ នៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ ជាពិសេស ការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាល យុវវ័យជំនាន់ក្រោយប្រកបដោយ សមត្ថភាពរីកចម្រើន និងពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ ក្នុងការប្រមូល កុមារដល់វ័យសិក្សា ឲ្យចូលរៀន ជាពិសេសកុមារ ដែលជួបការលំបាក និងកុមារ ជនជាតិភាគតិច ក៏ដូចជាកុមារពិការ ឲ្យមានឱកាស បានចូលរៀនគ្រប់ៗគ្នា។ ព្រមទាំងបន្តការលើកកម្ពស់សមត្ថភាព គ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹង ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បន្តវេន និងការពង្រាយគ្រូ ទៅកន្លែង ដែលខ្វះគ្រូ ឲ្យបានសមស្របផងដែរ។
បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានលេីកឡេីងថា គិតត្រឹមឆ្នាំសិក្សា២០២០ -២០២១ យើងមានសាលាមត្តេយ្យសិក្សា ៤៦៣សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យសិក្សាដាច់ដោយឡែក ០៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៤កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦៧កន្លែង សាលាបឋមសិក្សា ៤០៩កន្លែង (សាលាបឋមសិក្សា ឯកជន ០៥កន្លែង) អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ០២កន្លែង និងវិទ្យាល័យអប់រំពិសេស ០១កន្លែង)។ ដោយសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់អគារសិក្សាបានចំនួន ៣៧៣ខ្នង ស្មើ ២,៣៥០បន្ទប់ (កើន ១៥ខ្នង ស្មើ ១៨៩បន្ទប់)៕SRP