ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃនេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រារព្ធនៅទីស្ដីការក្រសួងយុត្តិធម៌។ សម្ដេចបានមានប្រសាសន៍ថាការកកស្ទះសំណុំរឿង កាន់តែមានភាពស្មុគស្មាញ បន្ទាប់ពីការដាក់ឱ្យដំណើរការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ គិតមកដល់ពេលនេះ ចំនួនអ្នកជាប់ឃុំក្នុងសំណុំរឿងគ្រឿងញៀនមានជាង២ម៉ឺន២ពាន់នាក់ ។ ដោយឡែកបញ្ហាខ្វះទីតាំងសម្រាប់បំពេញការងារក៏ជាបញ្ហាប្រឈមដែរ ។ សម្ដេចសង្ឃឹមជឿជាក់ថាឯកឧត្តមរដ្ឋមន្ត្រីថ្មីនឹងដោះស្រាយបញ្ហានេះនាពេលខាងមុខ ពិសេសបន្ទាប់ពីបញ្ហាកូវីដ១៩មានភាពធូរស្រាល ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍អំពីការពង្រឹងប្រព័ន្ធយុត្តិធម៌ ដោយបានស្នើឱ្យក្រសួងយុត្តិធម៌ត្រូវបង្កើនការលើកកម្ពស់សេវាយុត្តិធម៌ ការពង្រឹងជំនឿទុកចិត្ត និងការទប់ស្កាត់ការបំពានដោយអយុត្តិធម៌ក្នុងសង្គម តាមរយៈការពង្រឹងការអនុវត្តច្បាប់ ការពង្រឹងភាពស្អាតស្អំ និងក្រមសីលធម៌មន្ត្រី ការពង្រឹងយន្តការវិន័យ និងការធ្វើទំនើបកម្មរដ្ឋបាលយុត្តិធម៌ ។
សម្ដេចក៏បានណែនាំឱ្យក្រសួងយុត្តិធម៌ បន្តពង្រឹងការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌នៅមូលដ្ឋាន ការកែលម្អរយន្តការដោះស្រាយវិវាទដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងរបស់សង្គមប្រកបដោយប្រសិទ្ធភាព ហើយដើម្បីសម្រេចបានគោលបំណងខាងលើ សម្ដេចបានបន្តថាក្រសួងយុត្តិធម៌ ត្រូវពង្រឹងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ និងកំណែទ្រង់ប្រព័ន្ធយុត្តិធម៌ឱ្យបានត្រឹមត្រូវ ។
យ៉ាងណាក៏ដោយទន្ទឹមនឹងសមិទ្ធផលជាច្រើននោះ សម្ដេចក្រឡាហហោម ក៏បានបង្ហាញការកត់សំគាល់ដូចគ្នាដែរ អំពីចំណុចខ្វះខាតមួយចំនួនដែលពាក់ព័ន្ធនឹងកង្វះខាតធនធានមនុស្សក្នុងពេលមានកំណើនសំណុំរឿង ពោលគឺបច្ចុប្បន្ននេះ មិនមានតុល្យភាពឡើយរវាងចំនួនសំណុំរឿង និងចំនួនមន្ត្រីតុលាការនៅកម្ពុជា ។
ជាមួយគ្នានេះដែរ សម្ដេចក៏បានមានប្រសាសន៍អំពីតុលាការជំនាញនៅថ្នាក់សាលាដំបូង ដែលច្បាប់បានចែងឱ្យមានតុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម និងតុលាការការងារ ។ ប៉ុន្តែពេលនេះនៅសាលាដំបូងរាជធានីខេត្តមិនទាន់ដំណើរការនៅឡើយទេ។
សម្ដេចបានណែនាំឱ្យក្រសួងខិតខំឱ្យអស់លទ្ធភាពដើម្បីឱ្យតុលាការជំនាញនេះអាចដំណើរការទៅបាន ដើម្បីឆ្លើយតបនឹងការកកស្ទះសំណុំរឿង ។
ពាក់ព័ន្ធនឹងបញ្ហាកកស្ទះសំណុំរឿង សម្ដេច ស ខេង ក៏បានសម្ដែងការគាំទ្រចំពោះគម្រោងរបស់ក្រសួងយត្តិធម៌ ដែលនឹងបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាជំនុំជម្រះក្ដីនាពេលឆាប់ៗខាងមុខ ដោយសម្ដេចបានប្រកាសផ្ដល់កិច្ចការគាំទ្រនូវរាល់បញ្ហាណាដែលទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។
សម្ដេចបានបន្ថែមថានៅក្នុងការដ្ឋានកំណែទម្រង់ទាំង៤របស់រាជរដ្ឋាភិបាល គឺមានកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលបានបង្កើតលេខាធិការដ្ឋានសម្របសម្រួលមួយ។
ដូច្នេះសម្ដេចសូមឯកភាព និងគាំទ្រការបញ្ចូលកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ទៅក្នុងលេខាធិការដ្ឋាននោះ៕SRP




