ខេត្តសៀមរាប៖ មន្ទីរកសិកម្មខេត្តនៅថ្ងៃនេះ បានឱ្យអ្នកព័ត៌មានដឹងថា ក្នុងមួយថ្ងៃៗ តម្រូវការសាច់ជ្រូក និងសាច់គោក្នុងខេត្ត មានប្រហែលជិត ៤១តោន ដែលតម្រូវការនេះមិនចោទជាការព្រួយបារម្ភ ទេក្នុងការផ្គត់ផ្គង់ប្រចាំថ្ងៃក្នុងខេត្ត នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម ប្រចាំខែមីនា ឆ្នាំ២០២០។
របាយកាណ៍បង្ហាញបន្ថែមថា ក្នុងមួយថ្ងៃ សម្រាប់ខេត្ត សាច់ជ្រូកផលិតបានជាង៣៥តោន ខណ:តម្រូវការទីផ្សារជាក់ស្ដែងមានតែជិត២៩តោន។
ទន្ទឹមនោះ សាច់គោផលិតបានជាង ១៦តោន ខណ:តម្រូវការមានជាង១២តោន។ ក្នុងនោះ សម្រាប់បរិមាណសាច់ដែលលើស ប្រជាពលរដ្ឋ និងម្ចាស់កសិដ្ឋាន បាននាំចេញទៅកាន់បណ្ដាខេត្តដទៃនៅក្នុងប្រទេស។
ដោយឡែក ក្រៅពីសាច់សត្វទាំងពីរប្រភេទនេះ ខេត្តសៀមរាប ក៏មានកសិដ្ឋានចិញ្ចឹមមាន់យកសាច់ជាលក្ខណ:កសិដ្ឋានគ្រួសារចំនួន ៥៧កន្លែង និងមានសត្វមាន់សរុបជាង ១លានក្បាល។ ក្នុងនោះដែរ ការចិញ្ចឹមមាន់យកស៊ុតលក្ខណ:កសិដ្ឋានគ្រួសារមាន ៧កន្លែង និងអាចផលិតស៊ុតបាន ជិត៣៥ម៉ឺនគ្រាប់ក្នុងមួយថ្ងៃៗផងដែរ៕SRP




