ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត នៅព្រឹកមិញនេះ បានទទួលជំនួយអង្ករម្លិះប្រាំង ចំនួន១០តោន ពីតំណាងក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ ដែលបានផ្តល់ជំនួយជាអង្ករ ចំនួន១០តោន ជូនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម សម្រាប់យកទៅចាត់ចែង តាមតម្រូវការចាំបាច់ ក្នុងយុទ្ធនាការនានា ជាពិសេសក្នុងការចុះផ្សព្វផ្សាយណែនាំអំពីវិធានការចាំបាច់នានា ក្នុងការបង្ការរទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណា(កូវីដ១៩) ជាពិសេសការចុះផ្សព្វផ្សាយដល់បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ ឲ្យពួកគាត់ស្វែងយល់អំពី ការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដេីម្បីសុខសុវត្ថិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ៕SRP




