ខេត្តកំពង់ចាម ៖លោកស្រី ឈិត ណារី ប្រធានអនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពង់ចាម បានបន្តដឹកនាំយុទ្ធនាការ អប់រំផ្សព្វផ្សាយ វិធីកាត់បន្ថយហានិភ័យពីការឆ្លងជម្ងឺCovid-19។ យុទ្ធនាការផ្សព្វផ្សាយនេះ បាន ធ្វើឡើង នៅ ថ្ងៃ ទី ១៤ ខែមេសា ឆ្នាំ ២០២០ ដោយ មានការចូលរួមពី មន្រ្តីប្រតិបត្តិអនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់សំបួរមាស និង អ្នកស្ម័គ្រចិត្តភូមិ ជាច្រើន រូប ផង ដែរ ។ គួរកត់សម្គាល់ថា ក្នុងយុទ្ធនាការផ្សព្វផ្សាយនោះដែរ លោកស្រី ប្រធានអនុសាខាក្រុង បានបែងចែកក្រុមការងារជា ៣ក្រុម ដោយ ៖ -ក្រុមទី១៖ ចុះអប់រំផ្សព្វផ្សាយនៅ ភូមិកំពង់រលីង មានអ្នកចូលរួមចំនួន២២៨នាក់។ -ក្រុមទី២ ៖ ចុះអប់រំផ្សព្វផ្សាយ នៅភូមិបឹងបាសាក់ មានអ្នកចូលរួម ១០២នាក់។ – និងក្រុមទី៣ ៖ ចុះអប់រំផ្សព្វផ្សាយ នៅភូមិចំការខ្ពប មានអ្នកចូលរួម ៨៩នាក់។ ជាមួយនោះ ក្រុមការងារនីមួយ ៗ បានធ្វើការអប់រំផ្សព្វផ្សាយ តាមគ្រួសារប្រជាពលរដ្ឋ ក្នុងថ្ងៃចូលឆ្នាំ ថ្ងៃទី១ ដោយមានការចាក់មីក្រូចល័ត, ចែកប័ណ្ណប្រកាសខ្នាតតូច បិទផុសស្ទ័រតាមផ្ទះ និងទីសាធារណៈ ចែកសាប៊ូ និងប្រើប្រាស់ទឹកអាកុលលាងដៃ ហើយបានធ្វើការ វាស់កំដៅ ដល់ក្មេង និងមនុស្សចាស់ ព្រមទាំង ធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ ឲ្យយល់ដឹងពី វិធីការពារ ដេីម្បី កាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវិត១៩, ដោយការបង្រៀនពីរបៀបលាងសំអាតដៃ ជាមួយសាប៊ូនឺងទឹកស្អាត ហោចណាស់ឲ្យបាន ១នាទី, មិនត្រូវឲ្យមានការជួបជុំ ក្នុងលក្ខណៈប្រមូលផ្តុំគ្នា, ត្រូវពាក់ម៉ាស់ ឬប្រើក្រម៉ា ខ្ទប់ មាត់ ច្រមុះ ពេលចេញក្រៅផ្ទះ។ពិសេស បានអំពាវនាវឲ្យបងប្អូនទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមសារអប់រំ សុខភាពនានា របស់ក្រសួងសុខាភិបាល ក្នុងនោះ ត្រូវយកចិត្តទុកដាក់ ជាចម្បង អំពីការថែរក្សាសុខភាព អនាម័យ និងសុវត្ថិភាព ទាំងក្នុងក្រុមគ្រួសារ ទាំងផ្ទាល់ខ្លួនឯង ដើម្បី ជៀសអោយផុត ពីការឆ្លងរាលដាល នៃជម្ងឺ ដ៏កាចសាហាវ នេះ។
ក្នុងឱកាសនោះដែរ លោកស្រីប្រធានអនុសាខាក្រុងកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ របស់សាខាខេត្ត រួមមាន៖អង្ករ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកសីអ៊ីវ១យួរ ឃីត១ កញ្ចប់ ចែនជូនជនចាស់ជរាគ្មានទីពឹង ១គ្រួសារ ឈ្មោះ លោកតា តាំង ឃន អាយុ ៧៨ឆ្នាំ នៅភូមិកំពង់រលីង សង្កាត់សំបួរមាស។ ទន្ទឹមនឹងនោះដែរ លោកស្រី ឈិត ណារី និងប្រតិភូអមដំណើរ ក៏បាននាំយកម៉ាស់ ទៅចែកជូនសមត្ថកិច្ច ដែលកំពុងឈរជើង នៅក្នុងភូមិសាស្រ្ត នៃក្រុងកំពង់ចាម ខេត្តកំពង់ចាម ផងដែរ៕SRP












