ខេត្តសៀមរាប៖បុរសពីរនាក់បានស្លាប់ខណៈចុះទៅស្តារអណ្ដូងទឹក។ ហេតុការណ៍បានកើតឡើងវេលាម៉ោង៧ព្រឹកនេះ នាថ្ងៃទី២៥ខែមេសាឆ្នាំ២០២០ នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង។ លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថានៅថ្ងៃទី២៤ខែមេសាម្សិលមិញ វេលាម៉ោង២រសៀល ឈ្មោះឈុត ស៊ានភេទប្រុសអាយុ៣៩ឆ្នាំនៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានសុំស៊ីឈ្នួលស្ដារក្នុងតម្លៃ១០ម៉ឺនរៀល ពីឈ្មោះធិត សួនភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង។ អធិការបន្តថាបុរសខាងលើ ដែលមានឈ្មោះឈុត ស៊ាន បាននាំគ្នារបស់គាត់ចំនួនពីរនាក់ទៀត ឈ្មោះយឿម រ៉ាត់ហៅពុំភេទប្រុសអាយុ៤៧ឆ្នាំនិងឈ្មោះសោម រ៉ុងភេទប្រុសអាយុ៤១ឆ្នាំនៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង មកស្ដារអណ្ដូង។ ប៉ុន្តែម្ចាស់អណ្ដូង ដែលមានឈ្មោះធិត សួន មិនអោយស្ដារនោះទេ។ មូលហេតុពួកគេទាំង៣នាក់មានសភាពស្រវិងស្រាខ្លាំង។ លោកអធិការបញ្ជាក់ថាលុះព្រឹកមិញនាថ្ងៃទី២៥ខែមេសានេះ ឈ្មោះខាងលើទាំង៣នាក់បានដំណើរមកស្ដារអណ្ដូងដោយឈ្មោះយឿម រ៉ាត់ បានចុះមុន ពេលចុះដល់បាតអណ្ដូងក៏ប្រកាច់ស្លាប់ពេលនោះឈ្មោះឈុត ស៊ាន បានចុះទៅជួយហើយក៏ស្លាប់ទាំងពីរនាក់។ ចំណែកឈ្មោះឈ្មោះសោម រ៉ុង បានស្រែកហៅអ្នកជិតខាងអោយជួយ។ បើតាមអធិការបញ្ជាក់ថាករណីខាងលើនេះមូលហេតុ តាមការពិនិត្យរបស់ផ្នែកជំនាញកោសលវិច័យនិងវិភាគនៅកន្លែងកើតហេតុ គឺជនរងគ្រោះទាំងពីរនាក់បានស្លាប់ដោយកង្វាស់ខ្យល់ឧកស៊ីសែន៕SRP


