ខេត្តកំពង់ចាម៖លោក ហេង វណ្ណនី អភិបាលរងខេត្ត បានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិ សម្រាប់ខេត្តកំពង់ចាម មានក្រុង-ស្រុក ចំនួន០៦ លើ១០ក្រុង-ស្រុក ដែលទទួលរងផលប៉ះពាល់ ដោយសារការបាក់ស្រុតច្រាំងទន្លេ ជារៀងរាល់ឆ្នាំ ដែលក្នុងនោះរួមមាន នៅក្នុងស្រុកស្ទឹងត្រង់ មានចំនួន៥ឃុំ ស្រុកកំពង់សៀម មានចំនួន៦ឃុំ ស្រុកកោះសូទិន មាន៤ឃុំ ក្រុងកំពង់ចាម មាន១សង្កាត់ ស្រុកកងមាស មាន៥ឃុំ និងស្រុកស្រីសន្ធរ មាន៥ឃុំ។
អភិបាលរងខេត្តបានបញ្ជាក់ថា ពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះដែរ ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងទៅ ខេត្តកំពង់ចាម ទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេ មានប្រវែងប្រមាណជា២២.១៧៦ម៉ែត្រ និងទទឹងចាប់ពី៥ ទៅ៣០ម៉ែត្រ បណ្តាលឲ្យរុះរើផ្ទះចំនួន១២២ខ្នង ក្នុងនោះផ្ទះចំនួន២១ខ្នង ពុំទាន់បានសាងសង់ឡើងវិញនៅឡើយទេ និងផ្ទះដែលប្រឈមនឹងការរុះរើ មានរហូតចំនួន៥៥៩ខ្នង និងសាលាឃុំ១កន្លែង ហេីយក៏មានការប៉ះពាល់ដល់ហេដ្ឋាចរនាសម្ព័ន្ធ និងផ្ទៃដីកសិកម្ម របរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោកបញ្ជាក់បែបនេះ ដោយបានតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញចូលរួមបេីកកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ វាយតម្លៃ ការៀបចំតាំងទីលំនៅថ្មី របស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកត្តាធម្មជាតិ ការបាក់ស្រុតច្រាំងទន្លេ ក្នុងខេត្តកំពង់ចាម នៅរដ្ឋបាលសាលាខេត្តនា
ព្រឹកមិញនេះដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកដែលពាក់ព័ន្ធផងដែរ៕SRP


