ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» និងណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ចុះណែនាំដល់ស្ថានីយប្រេងឥន្ធនៈ តាមបណ្តាក្រុង-ស្រុកកុំឱ្យមានការលក់លើសពីតម្លៃដែលបានកំណត់
ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុកទាំង១៤ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះនឹងរៀបចំឡើងតាមបែប សាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានការរៀបចំទីតាំងលេងល្បែងប្រជាប្រិយ៍ ការតាំងពិព័រណ៌ម្ហូបអាហារអ្នកបាត់ដំបង ព្រមទាំងមានការតុបតែងភ្លើងបំភ្លឺផ្សេងៗជាដើម។
ឯកឧត្តម គូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងទាក់ទាញភ្ញៀវទេសចរ។ ព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីរាំលេងកម្សាន្ត ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះឡើយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ត សុខ លូ បានណែនាំដល់មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល មន្ត្រីជំនាញរបស់សាខាក.ប.បខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តចុះត្រួតពិនិត្យតាមដានការស្តុកប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈ និងដេប៉ូលក់រាយប្រេងឥន្ធនៈសំដៅទប់ស្កាត់កុំឱ្យមានករណីស្តុកប្រេងចាស់ទុកមិនព្រមលក់ឱ្យអតិថិជនដើម្បីទុកលក់នៅពេលប្រេងឡើងថ្លៃដែលអាចបង្កឱ្យមានភាពចលាចល និងធ្វើឱ្យប្រេងកាន់តែឡើងថ្លៃបន្ថែមទៀត។
ឯកឧត្តម ណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ត្រូវចុះណែនាំទៅដល់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាក្រុង-ស្រុកក្នុងខេត្តបាត់ដំបងដើម្បីធ្វើយ៉ាងណាកុំឱ្យមានការលក់រាយប្រេងឥន្ធនៈលើសពីតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម និងជំរុញឱ្យម្ចាស់ស្ថានីយ-ដេប៉ូ លក់ប្រេងឥន្ធនៈបើកដំណើរការអាជីវកម្មលក់ប្រេងឥន្ធនៈជាធម្មតាប្រកបដោយគុណភាពតាមបទដ្ឋានកំណត់ដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតីឡើយ។
ឯកឧត្តមអភិបាលខេត្តជំរុញអាជ្ញាធរ ក្រុង ស្រុក ត្រូវចុះអប់រំណែនាំពន្យល់ប្រជាពលរដ្ឋកុំឱ្យជ្រួលច្របល់ទិញប្រេងស្តុកទុកក្នុងផ្ទះដែលអាចបង្កហានិភ័យ ខណៈប្រេងនៅតែបន្តនាំចូល និងមានក្នុងស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ៕SRP


