ខេត្តសៀមរាប៖ លោកទៀ សីហា អភិបាលខេត្តថ្លែងថា ចំពោះ មុខអាជ្ញាធរខេត្ត នឹងធ្វើការស្តារឡើងវិញនូវវិស័យទេសចរណ៍ ជាសំខាន់ចំពោះទេសចរណ៍ក្នុងស្រុក។
លោកអភិបាលបានសង្កត់ធ្ងន់ផងដែរចំពោះមន្ទីរជំនាញពាក់ព័ន្ធ ដោយលើកឡើងថា នេះជាពេល ឱកាសដ៏ល្អសម្រាប់អាជ្ញាធរខេត្ត ក្នុងការស្ថាបនា ជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និង ជនបទ នៅពេលដែលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ ដែលមិនបានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ សំខាន់គឺត្រូវធ្វើ ការរៀបចំផ្លូវ វិថីស៊ីវត្ថា និង ផ្លូវនានា ដែលជាសរសៃបេះដូងនៃក្រុងប្រវត្តិសាស្ត្រមួយនេះ។
អភិបាលបានបញ្ជាក់ថាចំពោះ បញ្ហាការគូសគំនូស ចរាចរណ៍នៅតាមដងផ្លូវ និង ភ្លើងស្តុប ព្រមទាំងដាក់នូវស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវឲ្យបានគ្រប់លក្ខណៈ មុននឹងធ្វើការអនុវត្តច្បាប់ ដើមី្បជៀសវាងនូវការរិះគុណពីមហាជនផងដែរ។
លោកទៀ សីហា បានលើកឡើងថា ទោះបីយើងកំពុងជួបបញ្ហាវិបត្តិជម្ងឺកូវិដ១៩ តែចំពោះកិច្ចការងាររដ្ឋបាល ក្នុងខេត្ត បានដំណើរការទៅដោយរលូន សំខាន់ចំពោះការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជម្ងឺកូវិដ១៩ នៅតាម សហគមន៍ ដោយរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល មានវិធានការខ្ពស់ ចំពោះបងប្អូនដែលវិលមកពីក្រៅប្រទេស ដោយដាក់ឲ្យនៅដាច់ដោយឡែក ។
លោកក៏បានធ្វើ ការក្រើនរំលឹកផងដែរ ក្រោយពេលដែលជម្ងឺកូវិដ១៩ មានភាពធូស្រាល ក៏ប៉ុន្តែយើងត្រូវបង្កើនការយកចិត្តខ្ពស់បន្តទៀត ចំពោះរលកទី២នៃជម្ងឺកូវិដ១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ។ អភិបាលថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២០ នៅរដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ក្រោមអធិបតីភាពលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត។
សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២នេះ មានរបៀបវារៈចំនួន០៥ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ដោយផ្តោតទៅលើបញ្ហា រចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ និង ក្រុង ការគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនះ គំនូសចរាចរណ៍ ភ្លើងចរាចរណ៍ ការអនុវត្តច្បាប់ចរាចរណ៍ថ្មី បញ្ហាផ្លូវខ្នងភ្នំគូលែន បញ្ហាគីឡូកុងទ័រភ្លើងកើនទ្វេរដងផងដែរ៕SRP


