ខេត្តសៀមរាប៖រដ្ឋបាលក្រុងសៀមរាបនៅថ្ងៃទី១៥ខែឧសភានេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការសៀមរាបផ្ទះខ្ញុំ ឆ្នាំ២០២០-២០២៤ ក្រោមអធិបតីភាពលោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ព្រមទាំងមានការ អញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក-នាយករងរដ្ឋបាលសាលាក្រុង ប្រធានការិយាល័យ អង្គភាពចំណុះក្រុង ចៅសង្កាត់ មេប៉ុស្ត៍ និងមេភូមិគ្រប់ភូមិផងដែរ។ ផែនការសៀមរាបផ្ទះខ្ញុំឆ្នាំ២០២០-២០២៤ បានរៀបចំឡើងដើម្បីអនុវត្តការងារសំខាន់ៗ ចំនួន០៦ រួមមាន៖
០១-ការងារបរិស្ថាន
០២-ការងារបេីកផ្លូវ
០៣-ការងារដោះស្រាយសំណង់មិនរៀបរយនៅលេីផ្លូវ
០៤-ការងារសណ្តាប់ធ្នាប់នឹងសោភណ្ឌ ភាព
០៥-ការងារទេសចរណ៍
០៦-ការងារសន្តិសុខ។
ក្នុងកិច្ចប្រជុំនេះដែរគណៈអធិបតីបានក្រើនរំលឹក និងណែនាំដូចខាងក្រោម៖
០១-ចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រុមការងារត្រូវបន្តចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋចំណូលស្រុកវិញ ព្រមទាំងផ្តល់អំណោយសប្បុរសធម៌ជូនពួកគាត់ និងប្រជាពលរដ្ឋខ្វះខាត។
០២-អំពាវនាវដល់សមាជិកអង្គប្រជុំធ្វើការគាំទ្រដល់ផែនការ និងចូលរួមអនុវត្តការងារអោយបានព្រមគ្នា ដើម្បីជាស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា សំរេចតាមផែនការដែល បានគ្រោងទុក។
០៣-គ្រប់ការិយាល័យ អង្គភាព រដ្ឋបាលសង្កាត់ ប៉ុស្ត៍នគរបាល ត្រូវផ្តល់សេវា សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ អោយបានលឿន រហ័ស ទាន់ពេលវេលា ដោយតម្លាភាព និងប្រសិទ្ធភាព។
០៤-គ្រប់កងកម្លាំងប្រដាប់អាវុធ គណៈ បញ្ជាការ ឯកភាពរដ្ឋបាលសង្កាត់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់នូវការងារ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕SRP



