ខេត្តសៀមរាប៖ក្នុងជំនួបពិភាក្សាកំណត់អត្តសញ្ញាណប្រជាពលរដ្ឋគ្រួសារក្រ១ និងក្រ២ នាថ្ងៃទី១៩ខែឧសភាម្សិលមិញនៅសាលាខេត្តសៀមរាប រវាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ លោកទៀ សីហា បានថ្លែងថា ការចុះធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ យើងក៏ត្រូវធ្វើការពិនិត្យឲ្យបាន ចំគោលដៅមុខសញ្ញា ដើមី្បចៀសវាងនូវប្រតិកម្មពីប្រជាពលរដ្ឋ។
លោកទៀ សីហា បានលើកឡើងថា ប្រជាពលរដ្ឋដែលបានឆ្លងផុតប្រភេទ( ក្រ១,ក្រ២) នាពេលកន្លងមក ក្នុងពេលដែលមានវិបត្តិកូវិដ ១៩ គ្រួសារទាំងនោះក៏បានធ្លាក់ចូលប្រភេទ( ក្រ១,ក្រ២)សាជាថ្មី ព្រមទាំងគ្រួសារដែលទទួលរងផលប៉ះពាល់បណ្តាលមកពីវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឲ្យអាជ្ញាធរមូលដ្ឋានមានការ ព្រួយបារម្ភ ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល។អភិបាលខេត្ត ក៏បានធ្វើការគាំទ្រ អំពីនីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលក្រសួងផែនការបានលើកឡើង ដោយខេត្តមានមន្ទីរផែនការ ជាសេនាធិការរបស់ខេត្តផងដែរ។
ក្នុងកិច្ចពិភាក្សានេះ លោកថេង បញ្ញាធន បានបញ្ជាក់អំពីគោលបំណងរបស់ក្រសួងផែនការ គឺដើម្បីធ្វើការផ្សព្វផ្សាយដល់ឲ្យអាជ្ញាធរក្រុង ស្រុក មេឃុំ សង្កាត់ និង អ្នកពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់អំពីដំណើរការ និង នីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត តាមការស្នើសុំ ក្នុងអំឡុងពេលប្រឆាំងនឹងជម្ងឺកូវីដ១៩ និងឲ្យចេះប្រើប្រាស់ឧបករណ៍ថាប្លេត ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល។
លោកថេង បញ្ញាធន បានបន្តទៀត ការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺត្រូវពិនិត្យមើលទៅលើគ្រួសារក្រីក្រនៅមូលដ្ឋានឲ្យបានគ្រប់ជ្រុងជ្រោយ និង អនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និង ត្រូវបន្ដខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សំខាន់បន្តឲ្យប្រជាពលរដ្ឋមានអនាម័យល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ ប្រតិភូរាជរដ្ឋាភិបាល ក៏បានលើកសំណូមពរមួយចំនួនដល់អភិបាលខេត្ត ក្នុងការជម្រុញកិច្ចសហការលើការអនុវត្តធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត ឲ្យដំណើរការទៅដោយរលូន និង ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ។ ក្នុងនោះលោកថេង បញ្ញាធន ក៏បានបញ្ជាក់ឲ្យយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ជនបទ ក្នុងការធ្វើសម្រងស្ថិតិគ្រួសារក្រ១ និង ក្រ២ ឲ្យបានមុនដំណាច់ខែ ឧសភានេះ ចំពោះប្រជាពលរដ្ឋក្នុងក្រុង ឲ្យបាននៅដំណាច់ខែមិថុនាឆ្នាំ២០២០ខាងមុខផងដែរ៕SRP









