ភ្នំពេញ៖ក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះបណ្ដាញសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយលាតត្រដាងរឿងក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា ថាបានប្រមូលទិញឈើដោយមិនប្រក្រតី។
សេចក្ដីរាយការណ៍បានឲ្យដឹងថានៅក្នុងទីតាំងដីសម្បទានក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា ដែលស្ថិតនៅស្រុកវ៉ើនសៃ ខេត្តរតនគិរី មិនមាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតឡើយ។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា អាចប្រមូលទិញឈើពីក្រុមឈ្មួញដែលកាប់និងដឹកជញ្ជូនចេញពីព្រៃការពារ ព្រៃអភិរក្សក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយដឹកមកទម្លាក់នៅចំណុចភូមិហាតប៉ក់ និងភូមិវ៉ើនហយ ឃុំហាតប៉ក់ ស្រុកវ៉ើនសៃ ជាប់ព្រំប្រទល់ស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកវ៉ើនសៃ ខេត្តរតនគិរី។ ក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា បានប្រមូលទិញឈើនៅតំបន់នោះហើយទម្លាក់ចូលទន្លេសេសាន អូសទៅទីតាំងដីសម្បទានដើម្បីអាចឲ្យក្លាយជាឈើស្របច្បាប់ដែលកាប់នៅក្នុងដីសម្បទានក្រុមហ៊ុន។
សេចក្ដីរាយការណ៍បានឲ្យដឹងថាមានមនុស្ស០២នាក់ឈ្មោះ ស៊ី នឿន និងឈ្មោះ ផាន់ណា ជាអ្នកប្រមូលទិញឈើដឹកចូលទីតាំងក្រុមហ៊ុនអេសខេ(SK) របស់ឥណ្ឌា យ៉ាងរលូនព្រោះទំនងមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានផងដែរ។ ជាងនេះទៅទៀតថ្នាក់ដឹកនាំ នៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរតែចុះពិនិត្យក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា ដែលកំពុងល្បីល្បាញរឿងប្រមូលទិញឈើ។ ជាមួយគ្នានេះក្រសួងពាក់ព័ន្ធអាចគួរតែពិនិត្យនូវអាជ្ញាប័ណ្ណក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា នេះឡើងវិញផងដែរ។ពាក់ព័ន្ធករណីខាងលើនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីតំណាងក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា នៅឡើយទេ៕SRP
