ភ្នំពេញ៖នៅទីបំផុតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។នេះបើយោងតាមសេចក្តីប្រកាសស្តីពីការនអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ។
លោក រុំ សុវិជ្ជា ត្រូវបានសារព័ត៌មានផ្សាយថាបានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឲ្យខូចខាត។ ជាមួយគ្នានោះមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថ ទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា ផងដែរ។
សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។
គួររំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេច ស ខេង បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនផងដែរ៕SRP



