គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»
ភ្នំពេញ៖ក្រសួងបរិស្ថានបានដាក់ពាក្យបណ្ដឹងជាផ្លូវការជូនទៅអគ្គស្នងការនគរបាលជាតិ ដោយក្នុងកម្មវត្ថុ សូមអោយចាត់វិធានការតាមច្បាប់ចំពោះលោក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត ដែលបានរុករានធ្វើរបង ហ៊ុំព័ទ្ធយកដីព្រៃរបស់រដ្ន នៅតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភំ្នសំកុស។ ប៉ុន្ដែររហូតមកដល់ពេលនេះ ស្នងការខេត្តបាត់ដំបងនៅមិនទាន់ចាត់វិធានការបែបណានៅឡើយនោះទេគ្រាន់តែបានហៅបុគ្គលរូបនេះមកសាកសួរម្ដង។
បើយោងតាមលិខិតជាផ្លូវការរបស់ក្រសួងបរិស្ថាន លេខ៦០៩ ចុះថ្ងៃទី១៣ ឧសភា ឆ្នាំ២០២០ ដែលមានបោះត្រានិងមានហត្ថលេខា លោកសាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន គោរពជូន លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបណ្ដាញសារព័ត៌មានទើបទទួលបានមានខ្លឹមសារថា (ករណីឈ្មោះ កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានរុករានឆ្ការដីព្រៃធ្វើរបងហ៊ុំព័ទ្ធនិងធ្វើរោង ដើម្បីចាប់យកដីសារធារណ:របស់រដ្ឋក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភ្នំសំកុស)។
នៅក្នុងលិខិតដដែលលោកសាយ សំអាល់ បានជម្រាបជូនលោក នេត សាវឿន ថា ឈ្មោះ កោ ស៊ុនកាំង បានរុករានឆ្ការដីព្រៃធ្វើរបងហ៊ុំព័ទ្ធនិងសងរោងដើម្បីចាប់យកដីសារធារណ:ក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភ្នំសំកុសលើផ្ទៃដី ១៣,៨០០ម៉ែត្រក្រឡា នៅក្នុងភូមិសាស្រ្ដ (ភ្នំអូរជុំ)ស្ថិតក្នុងភូមិវាលរលឹម ឃុំកំពង់ល្ពៅ ស្រុកសំឡូត។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចោទថា សកម្មភាពនេះជាទង្វើផ្ទុយពីមាត្រា៦២ចំណុច១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងមាត្រា៤៣នៃច្បាប់ភូមិបាល។ចំពោះទង្វីខុសច្បាប់របស់មន្រ្ដីរាជការរូបនេះមិនត្រឹមតែបំផ្លិចបំផ្លាញធនធានធម្មជាតិដែលជាសម្បត្តិរដ្ឋប៉ុណ្ណោះទេថែមទាំងធ្វើអោយបាត់បង់កិត្តិយសរបស់មន្រ្ដីរាជការនិងជាគំរូមិនល្អដល់ពលរដ្ននៅមូលដ្ឋាន ដែលកំពុងឃ្លាំមើលនិងចាំតែអនុវត្តន៍តាមថែមទៀតផង។
លោករដ្ឋមន្រ្ដីបានធ្វើការវិនិច្ឆ័យថា( ដើម្បីរក្សាការពារភាពថ្លៃថ្នូរបស់មន្រ្ដីរាជការ ក្រសួងបរិស្ថានយល់ឃើញថា គួរមានវិធានការវិន័យចំពោះបុគ្គល ឈ្មោះ កោ ស៊ុនកាំង តាមនិតិវិធីច្បាប់ជាធរមាន)។
ជុំវិញករណីនេះ បើតាមប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងលោក កត់ បូរាណ បានរៀបរាប់ថា សកម្មភាពរុករានរំលោភយកដីរដ្ឋរបស់លោក កោ ស៊ុនកាំង បានកើតឡើងជាបន្ដបន្ទាប់ ហើយមន្រ្ដីរបស់លោកក៏ធ្លាប់បានចុះទៅហាមឃាត់ច្រើនលើកហើយដែរ។ ប៉ុន្តែលោក កោ ស៊ុនកាំង មិនព្រមដកថយទេ ។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលរូបនេះបាន កេណ្ឌសាច់់ញាតិ ទៅធ្វើរបងហ៊ុំព័ទ្ធនិងសាងសងរោងនៅលើដីនោះទៀតក្នុងគោលបំណងវាទយកដីតំបន់ហាមឃាត់នោះកាន់តែខ្លាំងៗ។
ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថាសកម្មភាពលោក កោ ស៊ុនកាំង ចាប់ផ្ដើមកំរើកកាន់តែខ្លាំងនៅពេលដែលក្រុមហ៊ុនចិន ចាប់ផ្ដើមឈូសឆាយស្ថាបនាផ្លូវជាតិចេញពីស្រុកសំឡូត ឆ្ពោះទៅខេត្តពោធិ៍សាត់ ព្រោះដីតំបន់នោះឡើងថ្លៃ។ប៉ុន្ដែយ៉ាងណាលោកប្រធានមន្ទីរបរិស្ថានរូបនេះបានបញ្ជាក់ថា លោកមិនបានដាក់ពាក្យបណ្ដឹងទៅតុលាការទេ ព្រោះនេះជាចំណាត់ការរបស់ក្រសួងបរិស្ថានដែលប្ដឹងឈ្មោះ កោ ស៊ុនកាំង ទៅអគ្គស្នងការនគរបាលជាតិសុំអោយចាត់វិធានការតាមច្បាប់។
ពាក់ព័ន្ធរងការចោទប្រកាន់ខាងលើនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបំភ្លឺពីលោក កោ ស៊ុនកាំង អធិការស្រុកសំឡូត នៅឡើយទេ ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មានថាដីដែលរងការចោទប្រកាន់នេះជាដីមួយកន្លែងដែលមានក្បាលដីជាង៤០ក្បាលដីស្ថិតនៅក្នុងភូមិ កំពងល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាតដំបង់ ជាដីជាប់ផ្លូវ ពីស្ពានវែងទៅដល់ព្រំប្រទល់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប្រភេទដីលំនៅដ្ឋាន ជាដីជាប់ផ្លូវតាំងពីជំនាន់បារាំង។
លោក កោ ស៊ុនកាំង បន្តថាដីនេះមិនមែនជាដីរបស់លោកនោះទេ ជាដីរបស់ពលរដ្ឋនៅខេត្តពោធិ៍សាត់គេមានបញ្ជីឈ្មោះ ទិញ.លក់ មិនមែនជាដីកាប់រានដីព្រៃភ្នំសំកុសស្ថិតក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃនោះទេ។ ប៉ុន្ដែក្នុងឃុំនោះជាដីដែលជាប់នៅដីក្នុងព្រះរាជក្រឹតជាង១០០០គ្រួសារ ជាដីនៅក្បែរសាលារៀន អូរជាំ ក្នុងឃុំកំពង់ល្ពៅ។
លោក កោ ស៊ុនកាំង បានបញ្ជាក់ថាករណីនេះដោយសារមន្រ្ដីថ្នាក់ក្រោមដែលធ្វើរបាយការណ៍មិនច្បាស់លាស់ និងមូលបង្កាច់កិត្តិយរបស់លោក ធ្វើបាបលោក ដែលជាអ្នកធ្វើការមានសាច់ការពិតទៅវិញ។ការពិតដីនេះពលរដ្ឋបានធ្វើរបងយូហើយ តែដោយសារតែជីវភាពក្រីក្រ ទើបមិនបានដាក់លួសអោយបានត្រឹមត្រូវ។ ក្រោយមកទើបពលរដ្ឋបានដាក់លួសរបងការពារ ដំណាំ កុំអោយសត្វចូលស៊ី។ដីនេះប្រជាពលរដ្ឋបានពឹងពាក់អោយលោកជួយមើល ថាប្រសិនបើមានទោសទន់មែននោះគឺពលរដ្ឋហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។
ករណីនេះលោកសៅ សាម៉ុន ស្នងការរងនគរបាលខេត្តបាត់ដំបងទទួលផែនបុគ្គលិកបានប្រាប់អ្នកសារព័ត៌មានថាបានកោះអញ្ជើញ លោក កោ ស៊ុនកាំង ដើម្បីសាកសួររឿងការរុករានដីព្រៃរបស់រដ្ននោះហើយ។ ពាក់ព័ន្ធនិងក្រសួងបរិស្ថានដែលបានប្ដឹងទៅអគ្គស្នងការនគរបាលជាតិ សូមអោយចាត់វិធានការតាមច្បាប់ទៅលោក កោ ស៊ុនកាំង។ ដោយបានចោទលោក កោ ស៊ុនកាំង ថាបានរុករានដីព្រៃនិងធ្វើរបង់ហ៊ុំព័ទ្ធយកដីនៅតំបន់ការពារធម្មជាតិក្នុងដែនជំរកសត្វព្រៃភ្នំសំកុស។ ទោះយ៉ាងណាលោកសៅ សាម៉ុន ស្នងការរងខេត្ត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកស្នងការខេត្ត បានបញ្ជាឲ្យកោះហៅ លោកកោ ស៊ុនកាំង ចូលមកបំភ្លឺនៅការិយាល័យជំនាញរួចម្ដងហើយ កាលពីថ្ងៃទី២៧ឧសភា។ ប៉ុន្តែចំណាត់ការបន្តយ៉ាងណានោះ លោកកំពុងរង់ចាំបទបញ្ជាលោកស្នងការខេត្ត៕SRP






