ខេត្តកំពង់ចាម៖ក្រុមការងារត្រួតពិនិត្យ ការដាក់តាំងផ្សព្វផ្សាយផ្សេងៗ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ បានចុះត្រួតពិនិត្យស្លាកយីហោអាជីវកម្ម ក្នុងក្រុងកំពង់ចាម។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានឲ្យដឹងថា គោលបំណងដែលក្រុមការងារចុះត្រួតពិនិត្យនេះ
១.ស្លាកអាជីវកម្មដែលបានលើកជាភាសាបរទេស ដែល មិនត្រឹមត្រូវតាមច្បាប់កំណត់។
២.ត្រួតពិនិត្យអាជ្ញាប័ណ្ណអាជីវកម្ម និងវិញ្ញាបនប័ត្រចុះបញ្ជី ពាណិជ្ជកម្ម។ ៣.ជំរុញលើកស្លាកអាជីកម្មឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងជំរុញឲ្យអាជីកម្មមិនទាន់មានអាជ្ញាប័ណ្ណ ឬវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវ។
លោក ឈាង បូរិន បានបន្តថា ការចុះអនុវត្តនេះ ក្រុមការងារបានត្រួតពិនិត្យអាជីវកម្ម ចំនួន០៨ទីតាំង ដែលសរសេរជាភាសាបរទេស ក្នុងនោះ១ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ចំណែក៧ទីតាំងផ្សេងទៀត មិនទាន់បានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងសរសេរជាភាសាបរទេសដែលមិនត្រឹមត្រូវតាមច្បាប់កំណត់។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងការចុះអនុវត្តនេះដែរ ក្រុមការងារបានពន្យល់ណែនាំ អំពីច្បាប់ ការលើកស្លាកអាជីវកម្មអនុលោមតាមច្បាប់ ព្រមទាំងជំរុញឲ្យគាត់សុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ឲ្យបានឆាប់ និងកែសម្រួលស្លាកយីហោអាជីវកម្ម ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងធ្វើកិច្ចសន្យាដោយទុករយៈពេល ៣០ថ្ងៃ ក្នុងការសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម និងកែសម្រួលស្លាកយីហោឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានោះ ម្ចាស់អាជីវកម្មទាំង៧ទីតាំង បានសន្យាអនុវត្តតាមកិច្ចសន្យា ដែលបានកំណត់ និងអរគុណដល់ក្រុមការងារបានណែនាំ ពីការប្រកបអាជីវកម្មដែលអនុលោមតាមច្បាប់ផងដែរ៕SRP



