ខេត្តសៀមរាប៖បុរសជាសន្តិសុខម្នាក់ត្រូវបានកងកម្លាំងអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនករណីបង្កហិង្សា។ហេតុការណ៍បានឡើងនៅវេលាម៉ោង ២០និង២០នាទីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថាករណីហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសនេះបង្កដោយជនសង្ស័យឈ្មោះ ផេង ណាន ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរសន្តិសុខ ទីលំនៅបច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនរងគ្រោះឈ្មោះ ប៉ុន សុភា ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរលក់ការរ៉េម ទីលំនៅបច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ថាជនសង្ស័យបានធ្វើសកម្មភាពយកដងអម្បោសដែកអ៊ីណុកវាយទៅលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាល ត្រង់ថ្ងាស់ ផ្នែកខាងឆ្វេង (ដេរអស់ចំនួន០៧ថ្នេរ)។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានចូលដេកក្នុងផ្ទះ។ ចំណែកជនរងគ្រោះបានទៅដេរមុខរបួសនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
អាវុធហត្ថបញ្ជាក់ថាមូលហេតុករណីហិង្សាខាងលើ គឺបណ្តាលមកពីជនរងគ្រោះ បានជេរម្រមាថទៅលើកូនប្រពន្ធរបស់ជនសង្ស័យ។
បើតាមអាវុធហត្ថបញ្ជាក់ថាក្រោយពេលកើតហេតុ ដោយបានទទួលបណ្តឹងពីជនរងគ្រោះខាងលើ ការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអនុវត្តតាមនីតិវិធី។ ក្នុងនោះដកហូតវត្ថុតាងដងអម្បោសប្រវែង ១,១៥ម៉ែត្រ។ បច្ចុប្បន្នកំលាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP