មេគយខេត្តតាកែវ លោក ស៊ុន ឆាយ ដាក់កូនចៅបង្កើតប៉ុស្តិ៍ជជុះ ប្រមូលលុយពីឡានដឹកទំនិញគ្រប់ប្រភេទ
ខេត្តតាកែវ៖មេគយលោក ស៊ុន ឆាយ នៅតែបន្តប្រើអំណាចយ៉ាងខ្លាំងក្លា ដាក់កូនចៅបង្កើតប៉ុស្តិ៍ជជុះ
ឲ្យប្រមូលលុយពីឡានដឹកទំនិញគ្រប់ប្រភេទដោយគ្មានក្រដាសស្នាម ឬវិក្កយបត្រ បង់ពន្ធសម្រាប់ចូលរដ្ឋនោះទេ។
មានការលើកឡើងថា បើទោះបីមានតម្រុយនៃការប្រព្រឹត្តអំពើពុកលួយ របស់មេគយខេត្តតាកែវលោក ស៊ុន ឆាយ និងបក្សពួក យ៉ាងនេះក្ដី រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ឃើញ លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង
អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការណាមូយទៅលើលោក ស៊ុន ឆាយ មេគយខេត្តតាកែវនិងបក្សពួកនៅឡើយទេ។
មានការលើកឡើងបន្ថែមទៀតថា ភាពមិនប្រក្រតី នៃការអនុវត្តច្បាប់របស់មន្ត្រីគយក្នុងខេត្តតាកែវ កំពុងក្លាយជាប្រធានបទក្តៅយ៉ាងគគុក បន្ទាប់ពីក្រុមរថយន្តដឹកទំនិញ ពីប្រទេសវៀតណាម បានចេញមុខទម្លាយនូវរឿងអាស្រូវ នៃការដាក់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ (ប៉ុស្តិ៍ត្រូលជជុះ) រហូតដល់ទៅ ៤ កន្លែង ចាប់ពីច្រកព្រំដែនភ្នំដិន រហូតដល់រាជធានីភ្នំពេញ។
ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានចុះផ្សាយយ៉ាងព្រោងព្រាតថា នៅភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកកែវ នៅទីនោះ មានមន្ត្រីគយម្នាក់ត្រូវបានគេស្គាល់ឈ្មោះ “រក្ស” ដែលត្រូវបានគេប្រៀបប្រដូចទៅនឹង “អ្នកម៉ៅការផ្តាច់មុខ” ទិញផ្លូវជាតិលេខ២ ពីស្នាក់ការគយខេត្ត។ ឈ្មោះ រក្ស រងការរិះគន់ថា បានជួលជនស៊ីវិលស្លៀកពាក់ធម្មតា ឱ្យអង្គុយចាំស្ទាក់ឡានយកលុយពីអ្នកដឹកទំនិញគ្រប់ប្រភេទ៖ តម្លៃបង្ខំ៖ ៧ម៉ឺនរៀល ក្នុងមួយរថយន្ត។
ប្រព័ន្ធផ្សព្វផ្សាយបានលាតត្រដាងបន្ថែមថា រូបភាពនៃអនុវត្តប្រមូលលុយរបស់មន្ត្រីគយ ដែលមានលោកស៊ុន ឆាយ ជាមេគយខេត្តកែវ៖ គឺគ្មានឯកសណ្ឋាន ឬគ្មានវិក្កយបត្រ ឬលិខិតស្នាមផ្លូវការ ដោយយកលុយដាក់ហោប៉ៅ ធ្វើមានធ្វើបាន តាមបក្សពួក មានន័យថា
បើបង់មិនគ្រប់ ឬតវ៉ា នឹងត្រូវអូសរថយន្ត ទៅស្នាក់ការគយ ដើម្បីផាកពិន័យធ្ងន់ធ្ងរបំផុត។
ការសម្របសម្រួលក្រោមតុ និងការផាកពិន័យដោយគ្មានមនោសញ្ចេតនានោះទេ។ ប្រការដែលប្រមូលលុយ គ្មានឯកសារបែបនេះ ធ្វើឲ្យរដ្ឋបាត់បង់ចំណូលចូលរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ដូច្នេះថ្នាក់ដឹកនាំគយនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនត្រូវមើលរំលងឡើយ។
មានការលើកឡើងបន្តទៀតថា នៅពេលរថយន្តត្រូវបានអូសទៅដល់ស្នាក់ការគយខេត្ត ដែលគ្រប់គ្រងដោយលោក ស៊ុន ឆាយ ជាមេគយខេត្ត គឺមានមន្ត្រីរងម្នាក់ ឈ្មោះ “លី” ជាអ្នកចាំបង្គាប់ឱ្យបង់ប្រាក់ពី ៣ ទៅ ៤ លានរៀល ក្នុងមួយឡាន ជាថ្នូនៃការដោះលែង។ ទង្វើនេះត្រូវបានក្រុមអ្នកដឹកទំនិញរិះគន់ថា ជាការធ្វើបាបអ្នករកស៊ីស្លូតត្រង់ ដែលខំចងការប្រាក់ទិញឡាន ដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។
ពាក់ព័ន្ធការរិះគន់នេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីរ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP


