ខេត្តកំពង់ចាម៖លោកយឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានថ្លែងប្រាប់ ប្រធាន អនុប្រធាន ក្រុមបក្សទូទាំងស្រុកព្រៃឈរ ត្រូវក្តាប់ឱ្យជាប់អំពីគោលនយោបាយ ជាយុទ្ធសាស្ត្ររបស់ គណបក្សប្រជាជន និងក្តាប់ឱ្យបានផែនការសកម្មភាព ដ៏ត្រឹមត្រូវរបស់ គណបក្សខេត្ត រួមនឹងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានធ្វើកន្លងមកប្រកបដោយភាពជោគជ័យ។
លោកថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សទូទាំងស្រុកព្រៃឈរ ប្រមាណជាង៨០០០នាក់ មកពីឃុំចំនួន១៥ នៅថ្ងៃអាទិត្យនេះ។
លោក យឹម ឆៃលី បានថ្លែងថា ប្រជាជនកម្ពុជាបានជឿជាក់យ៉ាងមោះមុត លើការដឹកនាំ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្រ្គាម នៅកម្ពុជា តាមនយោបាយឈ្នះ ឈ្នះ នាំប្រទេសជាតិឱ្យចេញផុតពីស្រមោលនៃអតីតកាល ដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លា ដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូប ដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិយើង នេះគឺជាប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចមើលរំលងបាន។
លោក យឹម ឆៃលី បានថ្លែងប្រាប់ ប្រធាន អនុប្រធាន ក្រុមបក្សទូទាំងស្រុកព្រៃឈរថា ចំពោះគោលនយោបាយ យុទ្ធសាស្ត្ររបស់ គណបក្ស ត្រូវក្តាប់ឱ្យបានច្បាស់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយ ដែលមានបទពិសោធន៍ គ្រប់គ្រាន់ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា គឺការបោះឆ្នោត៥ឆ្នាំម្តង ប្រកបដោយភាពជោគជ័យ និងសូមឱ្យបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ង ធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និង ដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ៕ដោយនាគខៀវ